អ្នក​ដឹកនាំ​ព្រមាន​ និង​លើក​ទឹក​ចិត្ត

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

១ ធីម៉ូថេ 4: 1-16

¹ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ នឹង​មាន​អ្នក​ខ្លះ​បោះ​បង់​ចោល​ជំនឿ ទៅ​ជាប់​ចិត្ត​នឹង​វិញ្ញាណ​បោក​បញ្ឆោត ហើយ​ទៅ​ជាប់​ចិត្ត​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​អារក្ស។ ² គេ​ចាញ់​បោក​ពុត‌ត្បុត​របស់​មេ​បោក​ប្រាស់។ មន‌សិការ​របស់​អ្នក​ទាំង​នោះ​ជាប់​ជា​ខ្ញុំ​បម្រើ​របស់​អារក្ស។ ³ ពួក​គេ​ហាម‌ប្រាម​មិន​ឲ្យ​យក​ប្ដី​ប្រពន្ធ មិន​ឲ្យ​បរិភោគ​អាហារ​ខ្លះ​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក ដើម្បី​ឲ្យ​អ្នក​ជឿ​ដែល​ស្គាល់​សេចក្ដី​ពិត​បរិភោគ ទាំង​អរ​ព្រះ‌គុណ។ ⁴ អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក​សុទ្ធ​តែ​ល្អ​ទាំង​អស់ មិន​ត្រូវ​ចោល​ណា​មួយ​ឡើយ គឺ​ត្រូវ​ទទួល ទាំង​អរ​ព្រះ‌គុណ​វិញ ⁵ ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ និង​ពាក្យ​អរ​ព្រះ‌គុណ បាន​ធ្វើ​ឲ្យ​អាហារ​ទាំង​អស់​ទៅ​ជា​វិសុទ្ធ​ហើយ។ ⁶ បើ​អ្នក​យក​សេចក្ដី​ទាំង​នេះ​ទៅ​ពន្យល់​បងប្អូន នោះ​អ្នក​ពិត​ជា​បម្រើ​ព្រះគ្រិស្ត‌យេស៊ូ​យ៉ាង​ល្អ​ប្រសើរ ស្រប​តាម​ការ​អប់រំ​អំពី​ជំនឿ និង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ដែល​អ្នក​បាន​ខិត‌ខំ​រៀន​យ៉ាង​ដិត​ដល់​នោះ​មែន។ ⁷ កុំ​រវី‌រវល់​នឹង​រឿង​ព្រេង​ដ៏​ឥត​ខ្លឹម‌សារ​របស់​យាយ​ចាស់ៗ​ឡើយ តែ​ត្រូវ​ហាត់​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​វិញ។ ⁸ ការ​ហាត់​ប្រាណ​មាន​ប្រយោជន៍​តែ​បន្ដិច‌បន្តួច​ប៉ុណ្ណោះ រីឯ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​វិញ មាន​ប្រយោជន៍​គ្រប់​ចំពូក​ទាំង​អស់ ហើយ​ផ្ដល់​ជីវិត​នា​បច្ចុប្បន្ន​កាល និង​ជីវិត​ទៅ​អនាគត​កាល តាម​ព្រះ‌បន្ទូល​សន្យា។ ⁹ ពាក្យ​ដូច​ត​ទៅ​នេះ​គួរ​ឲ្យ​ជឿ សម​នឹង​ទទួល​យក​ទាំង​ស្រុង គឺ​ថា: ¹⁰ យើង​ធ្វើ​ការ​នឿយ‌ហត់ យើង​ខំ​ប្រឹង​តយុទ្ធ មក​ពី​យើង​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ ព្រះអង្គ​ជា​ព្រះ‌សង្គ្រោះ​របស់​មនុស្ស​លោក​ទាំង​អស់ ជា​ពិសេស​របស់​អ្នក​ជឿ។ ¹¹ អ្នក​ត្រូវ​ដាស់‌តឿន និង​បង្រៀន​សេចក្ដី​ទាំង​នេះ។ ¹² កុំ​បណ្ដោយ​ឲ្យ​នរណា​មើល‌ងាយ​អ្នក ព្រោះ​អ្នក​នៅ​ក្មេង ផ្ទុយ​ទៅ​វិញ ក្នុង​ការ​និយាយ​ស្ដី​ក្ដី កិរិយា​មារយាទ​ក្ដី ចិត្ត​ស្រឡាញ់​ក្ដី ជំនឿ​ក្ដី និង​ចិត្ត​បរិសុទ្ធ​ក្ដី ត្រូវ​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ជឿ។ ¹³ ចូរ​ឧស្សាហ៍​អាន​គម្ពីរ ឧស្សាហ៍​ដាស់‌តឿន និង​បង្រៀន​បងប្អូន​កុំ​ខាន ទម្រាំ​ខ្ញុំ​មក​ដល់។ ¹⁴ កុំ​ធ្វេស‌ប្រហែស​នឹង​ព្រះ‌អំណោយ​ទាន​ដែល​ស្ថិត​នៅ​ក្នុង​អ្នក គឺ​ជា​ព្រះ‌អំណោយ​ទាន ដែល​អ្នក​បាន​ទទួល ដោយ​ពាក្យ​ដែល​គេ​បាន​ថ្លែង​ប្រាប់​ក្នុង​នាម​ព្រះ‌អម្ចាស់ និង​ដោយ​ក្រុម​ព្រឹទ្ធា‌ចារ្យ*​បាន​ដាក់​ដៃ*​លើ ¹⁵ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខងារ​នេះ និង​ព្យាយាម​ត​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​គ្រប់​គ្នា​ឃើញ​ថា អ្នក​ពិត​ជា​បាន​ចម្រើន​ឡើង​មែន។ ¹⁶ ត្រូវ​ប្រយ័ត្ន‌ប្រយែង​លើ​ខ្លួន​ឯង ប្រយ័ត្ន‌ប្រយែង​នឹង​សេចក្ដី​ដែល​អ្នក​បង្រៀន ដោយ​ព្យាយាម​ធ្វើ​ដូច្នេះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក​ផង ទាំង​បងប្អូន​ដែល​ស្ដាប់​អ្នក​ផង។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តាមរយៈរឿងនេះ តើយើងរៀនបានអ្វីខ្លះអំពីការធ្វើជាអ្នកដឹកនាំ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00