អ្នក​ដឹកនាំ​បោះបង់​សិទ្ធិ​របស់​ខ្លួន​

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

១ កូរិនថូស 9: 16-27

¹⁶ ខ្ញុំ​មិន​ត្រូវ​អួត​ថា​ការ​ផ្សាយ​ដំណឹង‌ល្អ​ជា​កិត្តិយស​របស់​ខ្ញុំ​នោះ​ទេ ព្រោះ​ជា​ភារ‌កិច្ច​មួយ​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ ដោយ​ខាន​មិន​បាន។ ប្រសិន​បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង‌ល្អ​ទេ សូម​ឲ្យ​ខ្ញុំ​វេទនា​ទៅ​ចុះ!។ ¹⁷ ប្រសិន​បើ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ផ្សាយ​ដំណឹង‌ល្អ​ដោយ​ខ្លួន​ឯង ខ្ញុំ​ត្រូវ​តែ​ទទួល​បៀវត្សរ៍។ ផ្ទុយ​ទៅ​វិញ បើ​កិច្ចការ​នេះ​ជា​ភារ‌កិច្ច​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​បំពេញ​តាម​តែ​ព្រះអង្គ​ផ្ទុក‌ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ។ ¹⁸ ដូច្នេះ តើ​ខ្ញុំ​នឹង​បាន​ទទួល​បៀវត្សរ៍​ឯ​ណា! បៀវត្សរ៍​របស់​ខ្ញុំ​គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង‌ល្អ ដោយ​ឥត​គិត​ថ្លៃ ឥត​ប្រើ​សិទ្ធិ​ជា​អ្នក​ផ្សាយ​ដំណឹង‌ល្អ​ឡើយ។ ¹⁹ ទោះ​បី​ខ្ញុំ​ជា​មនុស្ស​មាន​សេរី‌ភាព គ្មាន​ជាប់​ចំណង​របស់​នរណា​ក៏​ដោយ ក៏​ខ្ញុំ​សុខ​ចិត្ត​ដាក់​ខ្លួន ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​ទាំង​អស់​ដែរ ដើម្បី​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ត។ ²⁰ កាល​ខ្ញុំ​នៅ​ជា​មួយ​សាសន៍​យូដា ខ្ញុំ​ធ្វើ​ដូច​សាសន៍​យូដា ដើម្បី​នាំ​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ត។ ទោះ​បី​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យក៏​ដោយ កាល​ណា​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ ខ្ញុំ​ក៏​ធ្វើ​ដូច​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ​ដែរ។ ²¹ កាល​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ខ្ញុំ​ធ្វើ​ដូច​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ត (តាម​ពិត ខ្ញុំ​មិន​មែន​ជា​អ្នក​គ្មាន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់​ទេ ដ្បិត​ខ្ញុំ​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌គ្រិស្ត)។ ²² កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ ខ្ញុំ​ក៏​ធ្វើ​ដូច​ជា​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ​ដែរ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ត។ ខ្ញុំ​ធ្វើ​ឲ្យ​បាន​ដូច​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កាលៈ‌ទេសៈ ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ តាម​គ្រប់​មធ្យោ‌បាយ​ទាំង​អស់។ ²³ ដោយ​សារ​តែ​ដំណឹង‌ល្អ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ចូល​រួម​ទទួល​ផល​ពី​ដំណឹង‌ល្អ​នោះ។ ²⁴ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​ដែល​រត់​ប្រណាំង​នៅ​កីឡា‌ដ្ឋាន គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ មាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ទទួល​រង្វាន់។ សូម​បងប្អូន​រត់​តាម​របៀប​នោះ​ដែរ​ទៅ ដើម្បី​ឲ្យ​បាន​ទទួល​រង្វាន់។ ²⁵ អ្នក​ប្រកួត​កីឡា​ទាំង​អស់​តែងតែ​លត់‌ដំ​ខ្លួន ដោយ​ធ្វើ​តាម​ក្បួន​តម្រា​គ្រប់​យ៉ាង ដើម្បី​ឲ្យ​បាន​ទទួល​ភួង​ជ័យ ដែល​នឹង​រលាយ​សាប‌សូន្យ​ទៅ។ រីឯ​យើង​វិញ យើង​នឹង​ទទួល​ភួង​ជ័យ​ដែល​មិន​ចេះ​រលាយ​សាប‌សូន្យ​ឡើយ។ ²⁶ ហេតុ​នេះ ចំពោះ​រូប​ខ្ញុំ ខ្ញុំ​មិន​រត់​ដូច​ជា​មិន​ស្គាល់​ទី‌ដៅ​នោះ​ទេ ខ្ញុំ​ក៏​មិន​ប្រដាល់​ខ្យល់​ដែរ។ ²⁷ ផ្ទុយ​ទៅ​វិញ ខ្ញុំ​លត់‌ដំ​រូប​កាយ​ខ្ញុំ​យ៉ាង​តឹង‌តែង ហើយ​ខ្ញុំ​ធ្វើ​ម្ចាស់​លើ​រូប​កាយ​ខ្លួន​ឯង ក្រែង​លោ​ក្រោយ​ពី​បាន​ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ឯ​ទៀតៗ​ហើយ ខ្លួន​ខ្ញុំ​ផ្ទាល់​បែរ​ជា​ត្រូវ​គេ​ផាត់​ចោល​ទៅ​វិញ។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តាមរយៈរឿងនេះ តើយើងរៀនបានអ្វីខ្លះអំពីការធ្វើជាអ្នកដឹកនាំ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00