²⁰ ព្រឹកឡើង ពេលធ្វើដំណើរតាមផ្លូវនោះ ពួកសិស្សឃើញដើមឧទុម្ពរ*ក្រៀមស្វិតរហូតដល់ឫស។ ²¹ លោកពេត្រុសនឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ ក៏ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមមើល! ដើមឧទុម្ពរដែលព្រះគ្រូបានដាក់បណ្ដាសានោះ ក្រៀមស្វិតទៅហើយ!»។ ²² ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្ស*ថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ!។ ²³ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នកណាម្នាក់និយាយទៅកាន់ភ្នំនេះថា “ចូរចេញពីទីនេះធ្លាក់ក្នុងសមុទ្រទៅ!” ហើយបើអ្នកនោះជឿជាក់ក្នុងចិត្ត ដោយឥតសង្ស័យថាពាក្យរបស់ខ្លួននឹងបានសម្រេច នោះព្រះជាម្ចាស់នឹងប្រទានឲ្យបានសម្រេចតាមពាក្យគេមែន។ ²⁴ ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋាន*សុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយ នោះព្រះជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នាជាពុំខាន។ ²⁵ ម្យ៉ាងទៀត ពេលឈរអធិស្ឋាន បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ*អត់ទោសឲ្យអ្នករាល់គ្នា»។ [
Khmer Standard Version © 2005 United Bible Societies.